ភ្នំពេញ៖ យោងតាមប្រតិទិនចេញ ផ្សាយជាផ្លូវការ ពីគណកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ ឲ្យដឹងថា ក្នុងឆ្នាំ២០១៦នេះ កម្ពុជានឹងប្រារព្ឋពិធីបុណ្យ ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៣, ១៤, ១៥ និង១៦ខែមេសាខាងមុខនេះ។
នៅចំថ្ងៃទី១៣ វេលាម៉ោង៨យប់ ជាវេលាចូលឆ្នាំថ្មី ឆ្នាំវកអដ្ឋសក ពស២៥៦០។ ចំថ្ងៃទី១៤ និង១៥មេសា ជាថ្ងៃវារៈវ័នបទ២ដង។ ថ្ងៃទី១៦មេសា ជាថ្ងៃវារៈឡើងស័ក្ក។
យុវជនយុវនារីជំនាន់ក្រោយ ពិតជាពុំធ្លាប់ជួបនឹង ព្រឹត្តិការណ៍ចូលឆ្នាំខ្មែរ មានរយៈពេល ៤ថ្ងៃឡើយ ទើបឆ្នាំ២០១៦ និងពស២៥៦០នេះប៉ុណ្ណោះ មានពិធីបុណ្យ ចូលឆ្នាំខ្មែរ៤ថ្ងៃ។ សាធារណៈជនជាទូទៅ ធ្លាប់តែដឹងថា ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មានតែ៣ថ្ងៃ។
អនុរដ្ឋលេខាធិការក្រសួងធម្មកាសាសនា និងសមាជិកគណៈកម្មារ ស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទំលាប់ខ្មែរ លោក ញៀន ភឺន ពន្យល់ថា បុណ្យចូលឆ្នាំ៤ថ្ងៃ មិនមែនជារឿងចំឡែកទេ នេះគឺជាលទ្ឋផលចេញពីការគណនាតាម បែបវិជ្ជាសាស្ត្រគណិតវិទ្យា។ មុនសម័យពុលពត និងក្រោយឆ្នាំ១៩៧៩ កម្ពុជាក៏ធ្លាប់ប្រារព្ឋពិធីបុណ្យចូលឆ្នាំថ្មី រយៈពេល៤ថ្ងៃដែរ។ លោកបញ្ជាក់ថា ចំពោះថ្ងៃវារៈប័នបទ២ដងវិញ ក៏មានសេចក្តីថា នាំសេចក្តីសុខដល់ ប្រជាជនពុំមានអ្វី សៅហ្មងឡើយ។
យោងតាមសៀវភៅមហាសង្ក្រានឆ្នាំវក អដ្ឋសកខាងមុខនេះ គឺមានទេវតាព្រះនាម មណ្ឌាទេវិ។ ព្រះហស្ថស្តាំទ្រង់កាន់ម្ជុល (អញ្ជុល)។ ព្រះហស្ថឆ្វេងទ្រង់កាន់ឈើច្រត់។ សៀតផ្កាចំប៉ានៅព្រះកា និងទទួលទានទឹកដោះ ឬសោយទឹកដោះគោ៕
